ក្រសួងការងារ នឹងនាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីមកកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក AW TUAN KEE នាយករងសាលាពហុបច្ចេកទេស Tamesak នៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពជំនាញដល់គ្រូបង្គោលនិងការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីនៅកម្ពុជា។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសរបស់កម្ពុជា និងសាលាពហុបច្ចេកទេសរបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្សនិងនិយាមសិក្សាស្តង់ដារបស់សិង្ហបុរីមកបណ្តុះបណ្តាលជំនាញនៅកម្ពុជាដែលជាចំណុចគន្លឹះលើការពង្រឹងកម្រិតការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងគោលបំណងបម្រើតម្រូវការទីផ្សារការងារឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក AW TUAN KEE នាយករងសាលាពហុបច្ចេកទេស Tamesak នៃសាធារណរដ្ឋសិង្ហបុរី បានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហការរវាងសាលាពហុបច្ចេកទេសនៃប្រទេសទាំងពីរលើការពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានស្តង់ដារកាន់តែខ្ពស់បន្ថែមទៀតដើម្បីជាប្រយោជន៍ដ៏សំខាន់ក្នុងការបម្រើការអភិវឌ្ឍសង្គមជាតិកម្ពុជា។
មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសាលាពហុបច្ចេកទេស Tamesak របស់សិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាដែលនឹងអាចនាំដល់កិច្ចសហការឱ្យទទួលបានជោគជ័យ៕