នគរបាលខេត្តព្រះសីហនុ បំបែកសំណុំរឿងឃាតកម្មរំលោភសម្លាប់នារីម្នាក់ រួចយកទៅថ្លុងចោលក្នុងចម្ការស្វាយ ស្ថិតក្នុងស្រុកកំពង់សិលា
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធឃាតកម្មដ៏សាហាវ ពោលគឺឃាតករូបនេះបានធ្វើសកម្មភាពរំលោភសម្លាប់នារីរងគ្រោះ រួចយកទៅប្លុងចោលក្នុងចម្ការស្វាយដែលប្រព្រឹត្តិកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។
យោងតាមការបញ្ជាក់របស់មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបាក់រទេះ បានទទួលព័ត៌មានករណីប្រទះឃើញសាកសព ក្នុងអូរក្នុងចម្ការស្វាយ នៅពីខាងក្រោយមានចម្ងាយប្រហែលជា១០០ម៉ែត្រពីអគារស្នាក់នៅកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។ ជនរងគ្រោះឈ្មោះ ស៊ន សំណាង ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ ជាកម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត ភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារបុគ្គលិករោងចក្រវេចខ្ចប់ផ្លែស្វាយ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ សម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ឆាយ សុត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឫស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានមុខរបរកម្មករចិតផ្លែស្វាយ ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បន្ទាប់ពីឃាត់ខ្លួនរួច ឃាតកបានសារភាពថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភស្រី្ដ ឈ្មោះ ស៊ុន សំណាង ពោលគឺប្រហែលវេលាម៉ោង០២យប់ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពចាប់យកនាងចុះពីលើអាគារស្នាក់នៅ ដាក់ចូលទៅក្នុងបន្ទប់ទឹក និងចាប់ខ្ទប់មាត់ស្ត្រីរងគ្រោះ រួចអូសទៅខាងក្រោយអាគារប្រហែល១៥ម៉ែត្រ រួចធ្វើសកម្មភាពរំលោភ។ ក្រោយរំលោភបានសម្រេច ជនសង្ស័យបានយកខ្សែនីឡុងពណ៌សពីអាវស្ត្រីរងគ្រោះមករឹតក រហូតដល់ស្លាប់ រួចបានលើកស ពបញ្ឈ និងឱបសពយកទៅទម្លាក់ចោលនៅក្នុងអូរក្នុងចម្ការស្វាយ ស្ថិតនៅក្រោយអាគារស្នាក់នៅប្រហែល១០០ម៉ែត្រ រួចកាយស្លឹកឈើកប់ចោលតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តទៅកាន់តុលាការចាត់បន្តតាមនីតិវិធីច្បាប់៕