ឯកឧត្តម សរ សុពុត្រា ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៃក្រសួងមហាផ្ទៃ និងក្រសួងការងារ ដែលចុះមកបំពេញបេសកកម្មក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៃក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចុះមកបំពេញបេសកកម្មក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
បើតាមឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន HOT News Asia បានឲ្យដឹងថា ក្នុងការចុះអធិការកិច្ចនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលច្បាប់ការងារនៅតាមរោងចក្រសហគ្រាស។
ឯកឧត្ដម សរ សុពុត្រា បានឱ្យដឹងទៀតថា ក្នុងនាមតំណាងរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តមបានផ្តាំផ្ញើថា នៅពេលដែលក្រុមអធិការកិច្ចចម្រុះ ចុះទៅត្រួតពិនិត្យរកឃើញ មានភាពមិនប្រក្រតីចំពោះឯកសារណាមួយជាមួយជនបរទេស, អ្នកវិនិយោគ ឬសារជីវកម្មណាមួយ សូមឲ្យរាយការណ៍ឲ្យរដ្ឋបាលខេត្តបានដឹង ដើម្បីសហការគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យមានលក្ខណៈល្អប្រសើរឡើង កុំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគ ហើយចំពោះករណីសហគ្រាស និងគ្រឹះស្ថានណាដែលផ្ទុយពីច្បាប់ សូមឲ្យវិធានការច្បាប់តែម្ដង៕