អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន និងឯកឧត្តម ផាន អូន ប្រតិភូអមរាជរដ្ឋាភិបាលកម្ពុជា ជាអនុប្រធានអនុគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពអនុគណៈកម្មការ និងផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់រាជរដ្ឋាភិបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមមកពីស្ថាប័ន-អង្គភាពជំនាញចំណុះក្រសួងពាក់ព័ន្ធ, ស្ថាប័នអយ្យការអមសាលាដំបូងសាលាដំបូងរាជធានី-ខេត្តពាក់ព័ន្ធ, នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង៣, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម សរុបចំនួន ៨០នាក់។
ក្រោយការប្រកាសសមាសភាព កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានមតិយោបល់ចូលរួមពីសមាសភាពពាក់ព័ន្ធ សំដៅអនុវត្តភារកិច្ចរបស់អនុគណៈកម្មការឲ្យទទួលបានជោគជ័យ ក្នុងនោះ ឯកឧត្តម ប្រធានអនុគណៈកម្មការបានចែករំលែកព័ត៌មាន ស្តីពីកំណើនចាប់យកសារធាតុញៀនមេតំហ្វេតាមីនក្នុងបរិមាណ ១៩០តោន ក្នុងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ កើនជាង ២៥% ធៀបឆ្នាំ២០២២ ដោយក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ច្រកដឹកជញ្ជូនផ្លូវគោកពីតំបន់ត្រីកោណមាស ចេញតាមផ្លូវសមុទ្រ និងកំណើនសារធាតុគីមីផ្សំបន្ថែមថ្មីចំនួន ៩១មុខ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ផងដែរ (ផ្អែកតាមរបាយការណ៍ឆ្នាំ២០២៤ របស់ UNODC), ការចែករំលែកព័ត៌មាន ស្តីពីការនាំចូលសារធាតុគីមីពាក់ព័ន្ធ ដែលអាចផលិតជាគ្រឿងញៀន, ការអនុវត្តវិធានការច្បាប់ និងនីតិវិធីក្នុងដែនសមត្ថកិច្ចអនុគណៈកម្មការតាមបណ្តាច្រកទ្វារទាំងអស់ចំពោះបទល្មើសគ្រឿងញៀន ឬករណីសង្ស័យនាំចូលសារធាតុគីមីក្នុងបរិមាណច្រើន តាមបណ្តារោងចក្រ-សហគ្រាសក្នុងស្រុក និងការរៀបចំបង្កើតជាលេខាធិការដ្ឋានរបស់អនុគណៈកម្មការ ដើម្បីបូកសរុប និងរាយការណ៍អំពីលទ្ធផលការងារជូនគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន ដើម្បីបានជ្រាប និងមានមូលដ្ឋានបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ៕