សម្តេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទៅបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ កក្កដានេះ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើញកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះទី១.ជម្រើសផ្នែកសេដ្ឋកិច្ចដ៍ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ ទី២.បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាមនិងឡាវ ទី៣.កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស ទី៤.សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)ក្នុងឆ្នាំ១៩៩៩នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈប្រជាពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះគឺបានបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួល ហើយនោះ ៕