សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់វៀតណាមឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអះអាងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រ ទេសវៀតណាមឡើយ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) ដែលនោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានទាត់ចោលចំពោះការ ចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាមតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះ។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានហៅទណ្ឌិត សម រង្ស៊ី ថាជាជនក្បត់ជាតិសារជាថ្មី ដោយសារតែជនក្បត់ជាតិរូបនេះ មិនទាន់ទាំងបានដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាផ្តល់ដីកម្ពុជាឲ្យគេ តាមរយៈជនផ្តាច់ខ្លួនកុកសរ កាលពីកន្លងទៅនៅលើទឹកដីអាមេរិកនោះ ៕