រដ្ឋបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៤ បន្តការផ្សព្វផ្សាយការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៤ឱ្យបន្តការផ្សព្វផ្សាយ ការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត។
យោងតាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងកិច្ចប្រជុំគណៈបញ្ញាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាំងបង្ហាញជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈ និងតាមដងផ្លូវនានា។
រដ្ឋបាល ខេត្ត បញ្ជាក់ ថា កន្លងមកមានក្រុង ស្រុកមួយចំនួនបាននិងកំពុងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្ត តែមានស្រុកមួយចំនួនទៀត មិនទាន់បានអនុវត្តនៅឡើយទេ។
ទន្ទឹមនេះ រដ្ឋបាលខេត្តសូមរំលឹកដល់ លោកលោកស្រី អភិបាលនៃ គណៈអភិបាលក្រុង-ស្រុកទាំង១៤ ឱ្យអនុវត្តនូវខ្លឹមសារនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ឱ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ហើយសូមសម្រេចកិច្ចការនេះឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ និងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១៤ ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ៕