ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការក្រសួងយុត្តិធម៌
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្នុងនោះរួមមាន៖ (១)-ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការ និង(២)-ក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ការពិនិត្យកែសម្រួលឡើងវិញលើផែនការយុទ្ធសាស្រ្ត និងយន្តការការងាររបស់ក្រុមការងារទាំងពីរ
-ការពិនិត្យកែសម្រួលឡើងវិញលើយន្តការក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ជូនដល់សាធារណជន
-ការពិនិត្យកែសម្រួលឡើងវិញលើការរៀបចំយន្តការនិងវិធីសាស្រ្តនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ជាពិសេសការអនុវត្តច្បាប់លើសំណុំរឿងពិសេសទាំង៤ គ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ និង អត្រានុកូលដ្ឋាន
-ការបូកសរុបនិងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក និងលើកទិសដៅអនុវត្តបន្ត ៕