តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ទទួលអំណោយពីសប្បុរសជនផ្តល់ជូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃឈើក្នុងភូមិសាស្ត្រទទួលខុសត្រូវ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ព្រមទាំងលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយការិយាល័យផ្នែក បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងទឹកបរិសុទ្ធពីលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកដូង ច្រកអូររំដួល ច្រកអូរអន្លក់ និងច្រកភ្នំដី តាមរយៈលោកវរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង និងជាមេបញ្ជាការទិស៣ស្រុក តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
អំណោយទទួលបានរួមមាន៖ ទឹកបរិសុទ្ធ ចំនួន ២០០យួរ, មី ចំនួន ៥១កេសតូច, ត្រីខ ចំនួន ៣កេស និងតង់ ចំនួន ២ដុំ សម្រាប់ចែកជូនដល់កងកម្លាំងដែលកំពុងចុះប្រតិបត្តិការរុករក ការពារ ទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងតំបន់អភិរក្សធនធានធម្មជាតិរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានការិយាល័យគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីឱវាទ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕