សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង ៧សហភាពសហជីព ដែលមាន ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម មានសមាជិក-សមាជិកា ជាកម្មករ-
និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្ត កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
សម្តេចតេជោ បានបញ្ជាក់ថានេះជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍។គម្រោងនេះវានិងមិនធ្វើឲ្យមានការបាត់បង់ទឹកដីដូចការញុះញុង បំភ្លៃការពិត របស់ក្រុមជ្រុលនិយមនោះឡើយដោយសារយើងបានបោះបង្គោលព្រំដែននៅទីនោះរួចហើយ។
ផ្ទុយទៅវិញគម្រោងនេះអាចជួយបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមថែមទៀតផង។ក្រៅពីនេះគម្រោងនេះក៍បានជួយទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើមតាមរយៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣នេះ។
យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ហើយសូមអំពាវនាវដល់កម្មករ និយោជិតទាំងអស់ សូមបន្តចូលរួម និងគាំទ្រដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។