ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា- ឡាវ – វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងពេលនោះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕