ភ្នាក់ងារសារព័ត៌មានរុស្សី TASS រាយការណ៍ថា នាវាចម្បាំងវៀតណាមបានមកដល់រុស្ស៊ីក្នុងគោលបំណងធុរកិច្ច
បរទេស៖ នៅថ្ងៃពុធនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា នាវាចម្បាំងផ្ទុកកាំជ្រួចមីស៊ីលវៀតណាម ១គ្រឿង បានមកដល់កំពង់ផែ Vladivostok របស់រុស្ស៊ីក្នុងគោលបំណងធុរកិច្ច ដោយដកស្រង់ពីសេវាកម្មសារព័ត៌មាននៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី។
TASS បានដកស្រង់ការផ្សាយពីសេវាសារព័ត៌មានបានឲ្យដឹងថា ថ្ងៃនេះ នាវាចម្បាំងឈ្មោះ Hung Dao របស់កងទ័ពជើងទឹកនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមកដល់ទីក្រុង Vladivostok ក្ក្នុងគោលបំណងធុរកិច្ច។ ហើយនាវានោះនឹងនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ចុងខែកក្កដា។
នាវាចម្បាំងនោះត្រូវបានសាងសង់នៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានទិញដោយកងទ័ពជើងទឹកវៀតណាមកាលពីឆ្នាំ២០១៨ នេះបើយោងតាមប្លុករបស់យោធា។
យោងតាមក្រុមហ៊ុន Rosoboronoexport ដែលជាអ្នកនាំចេញសព្វាវុធការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា នាវានោះត្រូវបានបង្កើតឡើងដើម្បីស្វែងរក តាមដាន និងប្រឆាំងសត្រូវលើផ្ទៃទឹក ក្រោមទឹក និងផ្លូវអាកាស។ និងត្រូវបានគេចាត់ទុកថាជានាវាចម្បាំងធុនស្រាលដែលអាចដឹកបានអតិបរមា ២,៥០០តោន។
ការចតនាវាចម្បាំងនៅទីក្រុង Vladivostok នៅចុងបូព៌ារបស់រុស្ស៊ីកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសវៀតណាម ដែលលោកបាននិយាយថា ចង់កសាងស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។