រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងអភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្តតាកែវ
ភ្នំពេញ៖ លោក ងិន ងិនដា ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តតាកែវ ជំនួសលោក ខាន់ សុខា ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តកំពត និងលោក កែវ គុជសី ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលសាលាខេត្តតាកែវ ជំនួសលោក មាស អ៊ុយ ដែលបានចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវក្រោមអធិបតីភាពរបស់ឯកឧត្ដម ឌី សុខផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត អភិបាលរង សមាជិកក្រុមប្រិក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកំលាំអប្រដាប់អាវុធទាំង៣ប្រភេទនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឌី សុខផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តតាកែវ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តតាកែវទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើលោកអភិបាលរង និងលោកនាយករដ្ឋបាលខេត្តតាកែវថ្មី ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យមានការរីកចម្រើនបន្ថែមទៀត៕