លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ(CAPPD)
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ(CAPPD) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពការងារ និងទិសដៅរបស់សមាគម។
លោកជំទាវ អនុប្រធានប្រចាំការសមាគម បានស្នើឱ្យក្រុមជំនួយការលេខាធិការដ្ឋានសមាគម បន្តអនុវត្តការងារតាមផែនការសកម្មភាពរបស់សមាគមដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់រួមមាន ការត្រៀមរៀបចំបោះពុម្ពឯកសារស្ដីពីសាវតា និងសកម្មភាពការងាររបស់សមាគមដែលបានអនុវត្តនៅក្នុងអាណត្តិកន្លងមក ការរៀបចំឯកសារ និងបទបង្ហាញត្រៀមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសកម្មភាពការងារសមាគមដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ និងការងារស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងការងារស្ត្រី យុវជន និងមនុស្សចាស់ដែលជាសសរស្ដម្ភស្នូលរបស់អាណត្តិការងារសមាគម CAPPD៕