ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នៅថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យការងារសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកអូតេ ស្ថិតក្នុងស្រុកអូររាំង និងប្រព័ន្ធធារាសាស្រ្តទំនប់លើទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ភូមិភាគឦសានរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងដើម្បីបញ្ចៀសពីហានិភ័យនៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ៕