អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនដល់កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង ដែលបានរួមសហការចុះរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់កម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង ដែលបានរួមសហការចុះរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ អស់រយៈពេល៨ថ្ងៃ ៧យប់ ជាមួយនឹងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃភ្នំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕