ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ ឯកឧត្តម Nguyen Phu Trong បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងសាររំលែកទុក្ខដែលចុះហត្ថលេខានៅស្ថានទូតវៀតណាម ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការជ្រោមជ្រែងរបស់ឯកឧត្តមអគ្គលេខាធិការចំពោះការកសាងមិត្តភាពដ៏រឹងមាំជាមួយនឹងកម្ពុជាដែលជាប្រទេសក្បែរខាង។
ជាមួយគ្នានេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ក៏បានចូលរួមរំលែកទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារឯកឧត្តមផ្ទាល់ ចំពោះការបាត់បង់មេដឹកនាំជាតិ និងមេដឹកនាំគ្រួសារមួយរូបដែលមានស្នាដៃនិងវីរៈភាព៕