រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជំនួបនេះបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជានិងរុស្ស៊ី និងបានសង្កត់ធ្ងន់លើសារសំខាន់ក្នុងការលើកតម្កើងទំនាក់ទំនងនៃប្រទេសទាំងពីរឆ្ពោះទៅកម្រិតខ្ពស់មួយថែមទៀត៕