រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា ពិភាក្សាអំពីការលើកកម្ពស់ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឥណ្ឌា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឥណ្ឌា និងបានសង្កត់ធ្ងន់លើសារសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕