ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏ការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យចំណុះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងដែលត្រូវប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្តៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានចូលរួមអបអរសាទរជាមួយនាយទាហានកងរាជអាវុធហត្ថខេត្ត ដែលទទួលបានការប្រកាសមុខតំណែងថ្មីនាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវបន្តបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបទល្មើសរក្សាទុក ចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងសុីសងខុសច្បាប់ និងក្មេងទំនើងឱ្យមានប្រិទ្ធិភាព។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ក៏បានណែនាំឱ្យគោរពតាមបទ បញ្ជាផ្ទៃក្នុង កងរាជអាវុធហត្ថ រក្សាឱ្យបាននូវការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង របស់យើងឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត ៕