អភិបាលខេត្តត្បូងឃ្មុំ៖ ការចុះអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ជាផ្នែកមួយក្នុងការជួយសម្តេចធិបតី គ្រប់គ្រងជនបរទេស
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ផាន់ រតនៈ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរអរគុណ និងចូលរួមសហការណ៍ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងសុំអោយក្រុមការងាររួបរួមគ្នា យោគយល់គ្នា ទាំងលោកប្រធានមន្ទីរការងារ លោកស្នងការរង សូមធ្វើការអោយម៉ឹងម៉ាត់ ប៉ុន្តែទន់ភ្លន់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការចុះអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមឱ្យក្រុមការងារធ្វើរបាយការណ៍ឯកភាពគ្នាជារួម ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ៕