កងពលតូចដឹកជញ្ជូនលេខ៩៩ បើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបើកបររថយន្តធុនធ្ងន់ វគ្គ៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក យិន សារ៉ាន់
ភ្នំពេញ៖ នៅព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់វគ្គ៩ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យិន សារ៉ាន់ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។
ក្នុងពិធីបើកនោះដែរក៏មានការអញ្ជើញអមដំណើរដោយឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩៩ ប្រតិភូតាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងមានវត្តមានអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនសិក្ខាកាមចំនួន ១២៦នាក់។
វគ្គហ្វឹកហ្វឺនប៉ប៉នជំនាញបើកបររថយន្តធុនធ្ងន់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ព ក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដដល់បងប្អូនសិក្ខាកាមចំនួន ១២៦នាក់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ។
គួរបញ្ជាក់ផងដែរ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក យិន សារ៉ាន់ បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ រួមមាន អង្ករចំនួន២តោន ត្រីខចំនួន ០២កេស និងថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ៕