ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ទរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ ដើម្បីពន្លឿនការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដំណាក់កាលដំបូង លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(អ.គ.ក.ស) និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យរដ្ឋបាលទូទៅ បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ស្ដីពីវឌ្ឍនភាពនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងកាលេពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្ដម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីលោក លោកស្រី ក្រុមការងារពាក់ព័ន្ធនៃក្រសួងទាំង២។
លទ្ធផលនៃកិច្ចប្រជុំនេះ បានកំណត់ការងារមួយចំនួនរួមមាន៖ (១) ក្រុមការងារបានបកស្រាយបំភ្លឺលម្អិត លើចម្ងល់មួយចំនួនដែលក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើង (២) បានពិភាក្សារកឃើញនូវភាពស្មុគស្មាញ និងបញ្ហាប្រឈមរវាងក្រុមការងារទាំង២ (៣) ការកំណត់ទិសដៅបន្តរបស់ក្រុមការងារគាំទ្របច្ចេកទេសវិស័យរដ្ឋបាលទូទៅ នឹងបន្តកិច្ចសហការ គាំទ្របច្ចេកទេសផ្សេងៗ ដល់ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់ និងដាក់របាយការណ៍ជូនដល់ថ្នាក់ដឹកនាំ (៤) ក្រុមការងារវិភាគមុខងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផ្ដល់គ្រប់អង្គភាពទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងការអញ្ជើញក្រុមការងារគាំទ្របច្ចេកទេសវិស័យរដ្ឋបាលទូទៅ របស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមធ្វើបទបង្ហាញបន្ថែមផងដែរ។
ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងបេសកកម្មឆ្ពោះទៅការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕