រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តទស្សនកិច្ចពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងពលរដ្ឋដែលមកទទួលសេវា នៅមណ្ឌលសុខភាពពាមរក៍
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពពាមរក៍។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។
ក្នុងការចុះពិនិត្យនេះ សមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មានលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង អភិបាលស្រុក អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ៕