រដ្ឋមន្ត្រី ឈាង រ៉ា៖ បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មានអាកប្បកិរិយាល្អ ទទួលរាក់ទាក់ និងបំពេញការងារដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យ
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
កំឡុងទស្សនៈកិច្ចចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។
ឯកឧត្តមសាស្ត្រាចារ្យបានកត់សំគាល់លើអាកប្បកិរិយាល្អ ទទួលរាក់ទាក់ និងការបំពេញការងារដោយស្មារតីមនសិការទទួលខុសត្រូវ និងគោរពវិន័យម៉ោងពេល នៃបុគ្គលិក មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្ត។
ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូ មានសមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្រ្តីមន្ទីរពេទ្យខេត្ត។