ក្រសួងការងារ ទទួលជំនួយរថយន្តពន្លត់អគ្គិភ័យពីខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។
ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕