អភិបាលខេត្តស្ទឹងត្រែង៖ គម្រោងទីលានចាក់សំរាម និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជាសមិទ្ធផលមួយដ៏ធំដែលខេត្តយើងជាខេត្តតូចទទួលបាន
ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តអនុគម្រោងចំនួន២ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ នៃមហាអនុតំបន់មេគង្គ រវាងរដ្ឋបាលខេត្ត ជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ,តំណាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យពិភាក្សា ស្វែងយល់ និងស្វែងរកដំណោះរួមគ្នាពាក់ព័ន្ធនិងបញ្ហាផ្សេងៗដែលបានកើតឡើងក្នុងការអនុវត្តគម្រោង។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា បន្ទាប់ពីចុះពិនិត្យមើលដោយផ្ទាល់នូវគម្រោងទីលានចាក់សំរាមរួចមកយើងរៀបចំកិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងយកធាតុចូលមួយចំនួន ជាមួយនិងការពិនិត្យមើលសកម្មភាពសំណង់ និងការអនុវត្តបច្ចេកទេសនៃម្ចាស់គម្រោងទាំងអស់ ដើម្បីធ្វើឲ្យប្រសើឡើងនូវគម្រោងមួយនេះ ដែលអាចចាតុទុកជាគម្រោងមួយដែលមានលក្ខណៈគំរូសំរាប់ខេត្តភូមិភាគឦសាន្តរបស់យើង។
ឯកឧត្តម អភិបាលខេត្តបានបន្តថាគម្រោងទីលានចាក់សំរាម និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជាសមិទ្ធផលមួយដ៏ធំដែលខេត្តយើងជាខេត្តតូចទទួលបាន។
ឯកឧត្តមថា ក្រោយចុះត្រួតពិនិត្យជាមួយក្រុមការងារតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យើងមើលឃើញទាំងអស់គ្នាថា ទីលានចាក់សំរាមក្រោយពេលសាកល្បងប្រើប្រាស់ ការគ្រប់របស់យើងនៅមាសម្ពាធដែលទាមទាឲ្យមានការចែករំលែកបទពិសោធន៍ជាច្រើនលើការងារនេះ ដែលយើងត្រូវធ្វើការជជែកនិងពិភាក្សាគ្នា។
គួបញ្ជាក់ផងដែរថាអនុគម្រោងចំនួន២ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ នៃមហាអនុតំបន់មេគង្គ ដែលខេត្តស្ទឹងត្រែងទទួលបាននោះគឺទី១.គឺជាគម្រោងលានទុកដាក់សំរាមក្រុងស្ទឹងត្រែង តំលៃជាង៤លានដុល្លាសហរដ្ឋអាមេរិកនេះ។ឯគម្រោងមួយទៀតនោះគឺគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមហិរញ្ញប្បទានសហប្រតិប្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ក្នុងទឹកប្រាក់ជាង១៦លានដុល្លាសហរដ្ឋអាមេរិ៕