ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ នៅទីក្រុងវៀងចន្ទន៍
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ។
កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូលពិភាក្សាយុទ្ធសាស្ត្រក្នុងតំបន់ និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពសំខាន់ៗដែលបានសម្រេចបានក្រោមផែនការសកម្មភាពថ្មី នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨) និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ៕