មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យ និងជំរុញសកម្មភាពអនុវត្តគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យការងារ និងចាត់វិធានការពាក់ព័ន្ធទាំងឡាយសំដៅធានាដោះស្រាយលើបញ្ហាដែលបង្កឱ្យមានការជន់លិចនៅភូមិសាស្រ្តស្ទឹងព្រែកហូរ តំបន់ស្ទឹងតាខ្មៅ តំបន់ប្រព័ន្ធប្រឡាយលេខ៩៦ លេខ៩៤ លេខ៥៩ លេខ៩០ លេខ៧៨ តំបន់កណ្តាលស្ទឹង តំបន់សាក់សំពៅ តំបន់ព្រែកអន្លង់គង់ តំបន់ព្រែកតាំងហ៊ុន តំបន់ស្ទឹងទន្លេបាទីលើ តំបន់បឹងទន្លេបាទី តំបន់ទន្លេបាទីក្រោម តំបន់អូរអណ្តូង តំបន់បឹងជើងលោង តំបន់ប្រឡាយហនុមាន តំបន់ព្រែកតាគង់ តំបន់អូរអំបិល និងរហូតដល់តំបន់អង្គរបូរី។
សូមបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ទី១).ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ, ទី២).ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល, ទី៣).ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល, ទី៤).ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល, ទី៥).កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦).សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ៕