ឯកឧត្តម ចាន់ ស៊ីណាត អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីចុះពិនិត្យស្ថានភាពស្ទឹងសែន ក្នុងខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី គឺ ដើម្បីចុះពិនិត្យស្ថានភាពទឹកនៅតំបន់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្ដកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ផ្នែកខាងលើនៃស្ទឹងសែនជួរភ្នំដងរែក និងភ្នំឆ័ត្រកំពុងតែទទួលរបបទឹកភ្លៀងស្ទើរជារៀងរាល់ថ្ងៃចំនួនពី ២០០-២៥០ មីលីម៉ែត្រ និងតំបន់ទាំងអស់ដែលស្ថិតនៅជាប់នឹងព្រំដែននៃប្រទេសជិតខាងកំពុងស្ថិតក្នុងស្ថានភាពវិសម្ពោធទាបជាប្រចាំ។ ម៉្យាងទៀតពេលនេះទឹកស្ទឹងសែនកំពុងបុកចាល់នឹងទឹកបឹងទន្លេសាបដែលជាហេតុធ្វើឱ្យមានទឹកបែកវាលច្រើនក្នុងតំបន់ផាត់សណ្តាយរបស់ខេត្តកំពង់ធំ។
បើតាមឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីប្រចាំការក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានទំនប់អាងកំពង់គោស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ៕