នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក បានថ្លែងថាតាមការសន្និដ្ឋាននៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។
យោងតាមការធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា “តាមការសន្និដ្ឋាននៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ”។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីយន្តហោះតែម្តង ហើយតាមការសន្និដ្ឋានអាចស្លាប់ពេលយន្តហោះធ្លាក់ភ្លាមៗនោះ៕