ប្រព័ន្ធសារព័ត៌មាន+ទេសចរណ៍ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ
ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិកា ដែលបានឈានដល់គំនិតឯកភាពរួមស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យការផ្សាយព័ត៌មានវប្បធម៌និងទេសចរណ៍ ការផ្សព្វផ្សាយម៉ាកផលិតផលទេសចរណ៍ និងរៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មានជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Urosevic ប្រធានប្រតិបតិ្តអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិបានរួមគ្នាធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកនេះ ។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងនោះមានខ្លឹមសារជាច្រើនបានពាក់ព័ន្ធដល់វប្បធម៌និងទេសចរណ៍ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាត់ទុកការចុះហត្ថលេខាលើកនេះជាឱកាស ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរលើវិស័យការរួមគ្នាគ្រោងនិងផលិតកម្មវិធីជាដើម ហើយនឹងក្លាយជាដៃគូគួរឱ្យជឿទុកចិត្តបានរបស់អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ ដើម្បីជួយប្រទេសនានាធ្វើការផ្លាស់ប្តូរលើវិស័យទេសចរណ៍ ។
លោកស្រីUrosevic បានថ្លែងថា ការងើបឡើងវិញនូវមុខរបរទេសចរណ៍ពិភពលោកទាំងមូលត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគំនិតថ្មី ។ ប្រទេសចិនជារដ្ឋសមាជិកដ៏សំខាន់របស់អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ រំពឹងទុកនៅពេលអនាគត ធ្វើកិច្ចសហប្រតិបតិ្តការស៊ីជម្រៅជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើច្រើនវិស័យ ក្នុងន័យរួមគ្នាបង្កើតមុខរបរទេសចរណ៍បែបថ្មី ក៏ដូចជាជំរុញឱ្យមុខរបរទេសចរណ៍មាននិរន្តរភាព ភាពចុះសម្រុងគ្នានិងភាពធន់ថែមមួយកម្រិតទៀត ៕