ព្រះសង្ឃ និងពុទ្ធបរិស័ទនៅឃុំគងជ័យ រួមគ្នាដាំដើមឈើ ធ្វើឱ្យវត្តអារាមមានភាពបៃតង ដើម្បីជាម្លប់ការពារកម្តៅថ្ងៃ
ភ្នំពេញ៖ វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់ព្រះសង្ឃស្វាធ្យាយធម៌បាលីប៉ុណ្ណោះទេ តែទីអារាមក៏ជាកន្លែងស្នាក់អាស្រ័យសម្រាប់សិស្ស និស្សិតក្រីក្រ និងក៏ជាទីដែលជួយអប់រំបណ្តុះផ្នត់គំនិតល្អប្រកបដោយធម៌ និងសីលដល់ពុទ្ធបរិស័ទផង ជាក់ស្តែងព្រះសង្ឃនៅវត្តទួលតាហោ ក្នុងឃុំគងជ័យរួមជាមួយពុទ្ធបរិស័ទ និងសិស្សានុសិស្ស ដែលមានបេះដូងស្អាតបានដាក់ដាំដើមឈើចំនួន ៣២៧ ដើម ដែលជាអំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
ការបង្កើនគម្របបៃតងដើម្បីកាត់បន្ថយកម្តៅដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនេះ បានធ្វើឡើងស្របជាមួយគ្នានឹងយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នៅទីធ្លាវត្តទួលតាហោ ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តទាំង៥នៅឃុំគងជ័យ ក្រុមការងារចុះមូលដ្ឋានឃុំគងជ័យ តំណាងភូមិទាំង២២ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៤៧ អង្គ/នាក់៕