សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ អាកាសយានិក ស៊ុន ផល្លា និងខេង ឆៃយុទ្ធ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ អាកាសយានិក២រូប គឺលោក ស៊ុន ផល្លា និង លោក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ។
តាមរយៈបណ្តាញសង្គម សម្តេចធិបតី បានលើកឡើងដូច្នេះថា «សូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន និងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក»។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីប្រតិបត្តិការរយៈពេលជិត២០ថ្ងៃ ក្រុមអ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រ និងអាកាសយានិក ខេង ឆៃយុទ្ធ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា និងបន្តរកឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕