ក្រសួងរៀបចំដែនដី កំពុងសម្របសម្រួល និងផ្សះផ្សារវិវាទរវាងអតិថិជន និងបុរីម៉ន ដានី បុរី VIP និងបុរី ឡេង ណាវាត្រា
ភ្នំពេញ៖ ចាប់តាំងពីការកកើតនៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នៃរដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាយាមជួយសម្របសម្រួល និងផ្សះផ្សារវិវាទរវាងអតិថិជន និងម្ចាស់បុរីចំនួន៣ធំៗ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានបុរី ម៉ន ដានី , បុរី VIP និងបុរី ឡេង ណាវាត្រា ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយកាលពីពេលថ្មីៗនេះ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានដោះស្រាយ និងទទួលបានលទ្ធផលសះជានឹងគ្នា ក្រោមការសម្របសម្រួលរបស់និយ័តករអចលនវត្ថុ និងបញ្ចាំ និងក្រសួងយុត្តិធម៌ ចំពោះបុរី ម៉ន ដានី ។ ដោយឡែកសម្រាប់បុរី VIP ក៏ក្រសួងបានសម្របសម្រួល និងផ្សះផ្សារ ដោយទទួលបាននូវលទ្ធផលប្រសើរមួយចំនួន ក្នុងនោះចំពោះបណ្ណដីដែលមិនជាប់បន្ទុក ក្រុមហ៊ុននឹងធ្វើការផ្ទេរសិទ្ធិជូនអតិថិជន ហើយបណ្ណដីដែលជាប់បន្ទុកដោយបានចុះបញ្ជីហ៊ីប៉ូតែក រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តដឹកនាំប្រជុំជាមួយភាគីទាំង៣ (ម្ចាស់បំណុល ដែលបានចុះបញ្ជីហ៊ីប៉ូតែក ក្រុមហ៊ុន និងអតិថិជន ) ដើម្បីបន្តសម្របសម្រួល រកដំណោះស្រាយ ។