ឯកឧត្តម ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់អាកាសយានិក ខេង ឆៃយុទ្ធ និងស៊ុន ផល្លា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះ លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមរយៈសារលិខិតផ្ញើជូនលោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីរន្ធត់ចិត្តក្ដុកក្ដួលយ៉ាងក្រៃលែង នៃមរណភាពរបស់ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្វាមីរបស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមកនេះ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុត ចំពោះលោកស្រីទាំងពីររូប ព្រមទាំងក្រុមគ្រួសារ ដែលនេះជាការបាត់បង់នូវស្វាមីប្រកបដោយ សង្គហធម៌ ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រធីតា និងជាអាកាសយានិកដ៏អង់អាចក្លាហាន ដែល បានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ទទួលនូវការ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងការស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅពីយើងខ្ញុំ ៕