រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ចុះពិនិត្យផ្លូវទឹកធម្មជាតិ និងទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅបណ្ដាខេត្តភាគនិរតី
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យស្ថានភាពផ្លូវទឹកធម្មជាតិ និងទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មពិនិត្យផ្លូវទឹកធម្មជាតិនិងប្រព័ន្ធធារាសាស្ត្រនៅតាមបណ្ដាខេត្តភាគនិរតីចាប់ពីភូមិសាស្ត្រខេត្តកណ្តាលរហូតដល់ខេត្តកែប ក៏មានការអមដំណើរពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសក្រសួង ព្រមទាំងមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបានចុះពិនិត្យនៅតាមបណ្តាទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួនដូចជា៖ ប្រឡាយ១៥ ស្ទឹងអង្គរបុរី ទំនប់សារដំបង ទំនប់អាងទឹកដើមថ្កូវ និងទំនប់អាងទឹកលំពូ ៕