រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ដដំណើរទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ នៅមន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ ជាមួយប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកាទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ទំនាក់ទំនងសាធារណៈ និងអន្តរជាតិ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ មន្ត្រីជំនាញគ្រប់ឯកទេសពាក់ព័ន្ធ។
ក្នុងដំណើរទស្សនកិច្ច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូូបានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ មានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកសម្ភព និងបានណែនាំ ដល់មន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំ សូមបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ សមត្ថភាពថែទាំព្យាបាល និងកាន់តែត្រូវយកចិត្តទុកដាក់បន្ថែម លើការថែរក្សាអគារព្យាបាល ការយកចិត្តទុកដាក់លើអនាម័យ ការថែទាំសម្ភារៈបរិក្ខា ថ្នាំសង្កូវ ឯកសារកត់ត្រាប្រវត្តិអ្នកជំងឺឱ្យបានគង់វង្ស ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ទទួលបានដោយការពេញចិត្តពេញថ្លើម ជាមួយទំនុកចិត្តកាន់តែខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរ ដែលខិតខំគ្រប់មធ្យោបាយ សំដៅ បំរើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕