សម្តេចធិបតី៖ ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ទើបតំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែក ដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ, ជំរុញ កំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិន ស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារ ដ៏ធំទូលាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ៕