សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្បុជា បានថ្លែងបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចសេចក្តីសោមនស្ស និងមោទនភាពក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុង «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤» ដែលជានិមិត្តរូបនៃការទទួលស្គាល់សហគ្រិនស្រ្តី ទាំងនៅកម្ពុជា និងនៅទូទាំងសហគមន៍ អាស៊ានដ៏រស់រវើករបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការបីបាច់ថែរក្សារបស់ស្ត្រី ផ្ដល់ឱ្យមានតុល្យភាព, ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការ សម្រេចចិត្តដ៏ត្រឹមត្រូវ, ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ៕