សម្តេចធិបតី៖ មូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្តិភាពនៅកម្ពុជា ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីខ្មែរជាច្រើនជំនាន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅកម្ពុជា, មូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្តិភាព, ភាពសុខដុមរមនា និង ភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីខ្មែរជាច្រើនជំនាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន ការផ្ដល់តម្លៃ និងផ្តល់ ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅ នៅក្នុងវប្បធម៌, ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែង, កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បង នៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី ដោយសារពាក្យនេះភ្ជាប់ជាមួយ នឹងកិត្តិយស, មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ ៕