រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគម្រោង ស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំគម្រោង ស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាងដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងតំបន់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាថ្ងៃទី១ ខែសីហា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាចរបស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត ។ សម្តេចប្រមើលឃើញកម្ពុជា ជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជា និមិត្តរូបនៃក្តីសង្ឃឹម សម្រាប់សហគមន៍អាស៊ានទាំងមូល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាល នឹងបន្តវិនិយោគ លើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះ គ្រប់ឧបសគ្គ ដែលបន្ទច់បង្អាក់ដំណើររបស់យើង ។
សម្តេចធិបតី ថ្លែងទៀតថា វត្តមានរបស់សម្តេចក្នុងថ្ងៃនេះ មិនមែនគ្រាន់តែជានាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកូន ប្រុសរបស់ម្តាយដ៏អស្ចារ្យ, ជាប្អូនប្រុស និងបងប្រុស របស់បងប្អូនស្រីរបស់សម្តេច, ជាឪពុករបស់ កូនស្រីរបស់សម្តេច, និងជាស្វាមីរបស់ភរិយាដ៏អស្ចារ្យរបស់សម្តេច។
សម្តេចធិបតី មានប្រសាសន៍ថា សម្តេចយល់ពីការតស៊ូ បំណងប្រាថ្នា និងសក្តានុពលដ៏ធំធេងរបស់ស្ត្រី ហើយសូមប្ដេជ្ញាថា នឹងបន្តគាំទ្របុព្វហេតុរបស់ស្ត្រី និង បន្តជាអ្នកតស៊ូមតិ, ជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រឥតងាកររបស់ស្ត្រី ៕