សម្តេចធិបតី៖ អាស៊ាន ក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែកដល់ការបង្កើតការងារកាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាននៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គមដែលប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្ត្រីជាច្រើនជំនាន់។ ម្តាយ និងជីដូន របស់យើង និងស្ត្រីជាច្រើនជំនាន់បានចិញ្ចឹមបីបាច់គ្រួសារ រក្សាប្រពៃណី ផ្តល់គុណតម្លៃនៃសេចក្តីមេត្តា ការគោរព និងសាមគ្គីភាពដល់យើង ៕