ឯកឧត្ដម សរ សុពុត្រា៖ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយ USAID ឈរលើគោលការស្មោះត្រង់ និងគិតពីឧត្ដមប្រយោជន៍របស់ប្រជាជន
ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានទទួលជួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់គម្រោង USAID ស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
ក្នុងជំនួបនោះដែរ ក៏មានសមាសភាពចូលរួមពីសំណាក់មន្ត្រីផ្នែកធនធានធម្មជាតិ USAID, អនុប្រធានគម្រោង Tetra Tech, នាយកប្រតិបត្តិប្រចាំប្រទេស អង្គការ CI, ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គ, អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា, ប្រធានគ្រប់គ្រងកម្មវិធីតំបន់ទេសភាពព្រៃឡង់ អង្គការ CI ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា និយាយអំពីកិច្ចសហប្រតិបត្តិការ លើការចូលរួមអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលក្នុងនោះភាគីខាង USAID ផ្ដោតទៅលើកិច្ចការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋ និងគម្រោងមួយចំនួន លើការធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ជនបទដាច់ស្រយ៉ាល ។ នឹងរួមគ្នាក្នុងការទប់ស្កាត់បទល្មើស នេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ។
ឯកឧត្ដមបន្ថែមថា រដ្ឋបាលខេត្តក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសហការជាមួយ USAID ដើម្បីធ្វើឲ្យប្រជាជនបានយល់ដឹង កាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃការ កាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់នៃការធ្វើនេសាទខុសច្បាប់ ។
ជាមួយគ្នានោះដែរឯកឧត្ដម សរ សុពុត្រា ក៏បានស្នើសុំ USAID ឲ្យផ្ដល់ដំណឹងរាល់ពេលចុះបំពេញបេសកកម្ម មករដ្ឋបាលខេត្ត ដែលខេត្តមានវិស័យជំនាញពាក់ព័ន្ធដូចជា ធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីនៅជួយសម្របសម្រួលលើកិច្ចការងារទាំងអស់នេះ ជាមួយអាជ្ញាធរដែនដី ។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង ជាមួយ USAID ឈរលើគោលការស្មោះត្រង់ និងគិតពីឧត្ដមប្រយោជន៍របស់បងប្អូនប្រជាជន ៕