អ្នកនាំពាក្យក្រសួងសាធារណការ៖ ដំណើរការសាងសង់ និងស្ថានភាពខ្លះលើ កំណាត់ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ជួបបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឲ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះ លើកំណាត់ផ្លូវជាតិលេខ៤៨ ពីចំណុចស្រែអំបិល-កោះកុង បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ ។
ឯកឧត្ដម ផន រឹម បានឲ្យដឹង នៅថ្ងៃទី១ សីហាថា “ដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធករណីនេះខ្ញុំបាទសូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត”។
ឯកឧត្ដមបន្ថែមថា ម្យ៉ាងវិញទៀត រថយន្តឈ្នួល (TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ខណៈក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីបញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ៕