អាជ្ញាធរអំពាវនាវដល់ពលរដ្ឋរស់នៅតាមមាត់ស្ទឹងមង្គលបូរី បង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីកម្ពស់ទឹកហកឡើង
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអំនាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងមង្គលបូរី បង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីកម្ពស់ទឹកហក់ឡើងខ្ពស់គួរឱ្យគត់សម្គាល់ និងអាចប្រឈមប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា ពេលនេះលោកបានដឹកនាំមន្ត្រី និងកងកម្លាំងចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក នៅពេលទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង មកស្រុកមង្គលបូរី ដែលប្រឈមឃុំមួយចំនួនជាប់ដងស្ទឹង បើសិនជាទឹកជំនន់នៅតែបន្តហក់ឡើងខ្លាំងអាចប៉ះពាល់ តែពេលនេះមិនទាន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងផលដំណាំកសិកម្មផ្លូវថ្នល់នៅឡើយទេ។
ដោយឡែក លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាក់ងថា ទឹកស្ទឹងមង្គលបូរីនៅផ្នែកខាងលើសំណង់ពោធិ៍២ដើម កម្រិតទឹកមានត្រឹមតែ៤ម៉ែត្រ បើប្រកាសអាសន្នកម្រិត៦ម៉ែត្រ តែពេលនេះទឹកស្ទឹងនៅតែបន្តហក់ឡើងខ្លាំង១ថ្ងៃកម្រិតទឹកឡើង៣តឹក ហើយពេលនេះសំណង់ពោធិ៍២ដើមក្នុងចំណោមទ្វារទឹកទី៣ ត្រូវបានបើកចំនួនទ្វារទឹកទី១ ហើយទឹកធ្លាក់ទៅតាមដងស្ទឹងផ្នែកខាងក្រោយ និងទ្វារទឹកទី២ ដែលបិទដើម្បីបញ្ចាល់ទឹកទៅឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ ៕