ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
នៅសល់តែ០៤ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅក្នុងភូមិសាស្ត្រ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយដែលពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាល បណ្ដាអង្គទូតបរទេសនានាប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មហាជន និងកងកម្លាំងប្រដាប់អាវុធ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូជាន់ខ្ពស់យោធាជប៉ុន នឹងមានការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រៅពីនោះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជានាយសេនាធិការ ក៏បានប្រគល់ភារកិច្ចជូនដល់បណ្តាមេបញ្ជាការស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីសហការគ្នាលើកិច្ចការងារមួយចំនួនដូចជា ការងារត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលនាយទាហាននៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ឆ្នាំទី២(ហ្វឹកហ្វឺនជំនាញបើកបរទោចក្រយានយន្ត និងជំនាញបើកបររថយន្ត) ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ការចូលចតនៃនាវាហ្វឹកហ្វឺនកងទ័ពជើងទឹកឥណ្ឌូណេសុី(KRI Bima Suci) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦-១៩ ខែសីហា ឆ្នាំ២០២៤ ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក Surasak Singkhorawat មេបញ្ជាការ បញ្ជាការ ដ្ឋានតំបន់កងទ័ពជើងទឹកទី១ នៃកងទ័ពភូមិន្ទថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២៤ និងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការយោធាកម្ពុជា-អូស្ត្រាលីលើកទី១៤ និងកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រកម្ពុជា-អូស្ត្រាលីលើកទី៩ នៅខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែសីហា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះអ.ហ.ផ.ទ និងភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំងពីរផងដែរ៕