ឧត្តមសេនីយ៍ឯក ជា ពៅ និងឧត្តមសេនីយ៍ឯក លន់ សុផាត អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ នៅបណ្ឌិត្យសភានគរបាលសិង្ហបុរី
ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ នៅបណ្ឌិត្យសភានគរបាលសិង្ហបុរី ដែលមានសិក្ខាកាមសរុបចំនួន ២៤នាក់ មកពីប្រទេសកម្ពុជាចំនួន ០៣នាក់ ប្រទេសរ៉ូវាន់ដាចំនួន ០២នាក់ និងប្រទេសសិង្ហបុរីចំនួន ១៩នាក់ ដែលប្រព្រឹត្តនៅសាលកិត្តិយសកងកម្លាំងនគរបាលជាន់ខ្ពស់នៃប្រទេសសិង្ហបុរី។
ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងកម្លាំងនគរបាលសិង្ហបុរី តំណាងអគ្គស្នងការនគរបាលជាតិកម្ពុជា តំណាងអគ្គស្នងការនគរបាលជាតិរ៉ូវាន់ដា និងអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
សម្រាប់នាយនគរបាលជាតិកម្ពុជា ដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនេះមានដូចជា ៖
១.លោកវរសេនីយ៍ត្រី បុង ច័ន្ទរង្សី អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។
២.លោកវរសេនីយ៍ត្រី យឹម សេង នាយប៉ុស្តិ៍នគរបាល នាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
៣.លោកព្រិន្ទបាលទោ សុផាត សុផាណារិទ្ធ មន្ត្រី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះ នៃកិច្ចការនគរបាលសម្រាប់នាយនគរបាលជាន់ខ្ពស់ ដែលនាយនគរបាលជាតិកម្ពុជា បានចូលរួមសិក្សានៅបណ្ឌិត្យសភានគរបាលសិង្ហបុរី បានចំណាយរយៈពេល ០១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដោយផ្តោតសំខាន់លើការបង្កើនសមត្ថភាពបន្ថែមលើភាពជាអ្នកដឹកនាំ សម្រាប់នាយនគរបាលដែលធ្លាប់បានបម្រើការងារនាពេលកន្លងមក។ ចំណុចស្នូល នៃវគ្គបណ្តុះបណ្តាលនេះបានបំពាក់បំប៉នជូនសិក្ខាកាមនូវការពង្រឹងកាយសម្បទា ការសិក្សាជំនាញបញ្ជាគ្រប់គ្រងក្នុងតួនាទីជាអ្នកដឹកនាំក្រុមការងារ ជំនាញការងារសណ្ដាប់ធ្នាប់សាធារណៈ ជំនាញច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ជំនាញរៀបចំផែនការសម្រាប់ការពារ ជំនាញបច្ចេកទេសនៃការវាយលុកទប់ទល់នឹងជនល្មើស ជំនាញលើការវិភាគវែកញែក ព្យាករ តាមដានស្រាវជ្រាវលើបទល្មើសព្រហ្មទណ្ឌ និងបច្ចេកវិទ្យា ជំនាញកសាងសំណុំរឿងបញ្ជូលទៅកាន់ស្ថាប័នតុលាការ ជំនាញកិច្ចការនគរបាលមូលដ្ឋាន និងចូលរួមដកពិសោធន៍ និងចុះអនុវត្តផ្ទាល់លើកិច្ចការងាប្រចាំថ្ងៃជាមួយនគរបាលសិង្ហបុរីតាមបណ្ដាស្នងការដ្ឋាននគរបាល និងតាមតំបន់កោះនៃប្រទេសសិង្ហបុរី។
បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលបានបង្ហាញអំពីសារៈសំខាន់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងនគរបាលនៃប្រទេសកម្ពុជា និងកងកម្លាំងនគរបាលនៃប្រទេសសិង្ហបុរី ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយកម្លាំងនគរបាលតាមបណ្ដាប្រទេសដទៃក្នុងតំបន់ និងអន្តរជាតិ ៕