អង្គភាពសារព័ត៌មាន HOT News Asia អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia និងសហការីទាំងអស់ បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងឈានចូលមកដល់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។
ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ ដែលត្រូវបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕