កម្ពុជា-ម៉ាឡេស៊ី កត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។
ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧដុង្គឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។
ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៀតសោត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការតាមរយៈក្របខណ្ឌពហុភាគី ក៏មានភាពជិតស្និតនៅលើឆាកតំបន់ និងអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូត អំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ថា្នក់ដឹកនាំទាំងពីររូប ក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យមុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈវគ្គបណ្តុះបណ្តាលលើមុខជំនាញជាក់លាក់ ជាពិសេសលើការងារ បច្ចេកទេសផ្សេង ៕